ប្រវត្តិសង្ខេបរបស់ ក.ក.ជ

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ (ក.ក.ជ ) បានបង្កើតឡើងនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៨ ដោយព្រះរាជក្រិត្យហើយក្រោយមកចេញជាអនុក្រិត្យដើម្បីគាំទ្រការ អនុវត្ដន៍សកម្មភាព នៅក្នុងវិស័យជាអទិភាពរបស់រដ្ឋាភិបាលលើការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ បន្ទាប់ពីការ បោះឆ្នោតជាតិសកលនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផ្ទេរតំណែងដល់ ឯកឧត្ដមវេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សា ស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្ដមទេសរដ្ឋមន្ដ្រី តាវ សេងហួរ ជាអនុប្រធាន ក្រុមប្រឹក្សាទី១ ឯកឧត្ដម ងី ច័ន្ទ្រផល ជាអនុប្រធានទី២ និង ឯកឧត្ដម  លី ប៊ុនម៉េង ជាអនុប្រធានទី៣ នៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ តាមរយៈ ព្រះរាជក្រិត្យលេខ នស/ រកត/១០០៨/១១៣៨ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៨។ ហេតុផល ចំបងក្នុងការបង្កើត ក.ក.ជ គឺដើម្បីធានាអោយ មានការខិតខំប្រឹងប្រែយ៉ាងខ្លាំងក្លា​ ដើម្បីអោយមានការសម្របសម្រួល​គ្នាការ ចូលរួម និងការពង្រឹងវិស័យកសិកម្ម និង ជនបទ​​​ដើម្បីលើកស្ទួយនូវកំរិតជីវភាពរបស់អ្នកក្រីក្រនៅជនបទ។

 

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ គឺជាស្ថាប័នបង្គោលសំរាប់សំរបសំរួលរាល់ជំនួយផ្សេងៗដល់ រាជរដ្ឋាភិបាល កម្ពុជា សំរាប់លើកកំពស់ វិស័យអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ ជនបទ, ក្រសួងធនធានទឹក និងឧតុនិយម ហើយនិងស្ថាប័នពាក់ព័ន្ធផ្សេងៗ សហការយ៉ាងជិតស្និទ្ធដើម្បីសំរេចលទ្ធផលយ៉ាងមាន ប្រសិទ្ធភាពដោយប្រើដើមទុនតិចក្នុងការអនុវត្ដន៍កម្មវិធី និងសកម្មភាព។ ក្រោយពីសិក្ខាសាលាលើកទី១ស្ដីពីសន្ដិសុខស្បៀង និង អាហារូបត្ថម្ភដែលបានប្រារឰនៅខែមេសាឆ្នាំ១៩៩៩ រដ្ឋាភិបាលសំរេចអោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និង ជនបទ ជាស្ថាប័នសំរបសំរួលសកម្មភាពសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ហើយទទួលខុស ត្រូវធ្វើការជាមួយក្រសួងពាក់ព័ន្ធ ទាំងអស់ អាជ្ញាធរមូលដ្ឋាន និងអង្គការជាតិ-អន្ដរជាតិ ដើមី្បអនុវត្ដន៍អនុសាសន៍នៃសិក្ខាសាលាជាតិដែលបាន ចងក្រងនៅក្នុង សារាចរលេខ ០៥ស.រ ចុះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៩៩ ។

 

គោលបំណងរបស់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

  • ជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយកំរិតជីវភាពប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្រ។
  • ធានាអោយមានសន្ដិសុខស្បៀងចំពោះប្រជាជនកម្ពុជាគ្រប់រូប
  • ស្វែងរកវិធីសំរាប់ជួយកសិករដើម្បីបង្កើនផលិតផលកសិកម្ម
  • រៀបចំការតាមដាន និងផ្ដល់យោបល់ទៅលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលទាក់ទង នឹងការ ស្ដារឡើង វិញនូវវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
  • ធ្វើការជំរុញលើកទឹកចិត្ដអោយមានការផ្លាស់ប្ដូរពី ការធ្វើកសិកម្មបែបបុរាណសំរាប់បង្គ្រប់ខ្លួនឯងទៅជា ការអនុវត្ដន៍ បែបផែនកសិកម្មដែលនាំអោយមានទិន្នផលលើសតំរូវការសំរាប់ការនាំចេញ ដែលនឹងបង្កើនប្រាក់ចំណូលរបស់ កសិករ និងកាត់បន្ថយគំលាតរវាងតំបន់ទីក្រុង និងជនបទ។
  • កំណត់កត្ដាចំបងដែលជួយសំរបសំរួលការស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
  • តាមដានសកម្មភាពរបស់កម្មវិធីស្ដារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីធានាថាកម្មវិធីទាំងនោះបាន បំពេញ គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យទាំងនោះ ។
  • ជំរុញ និងសំរបសំរួលការចូលរួមរបស់ប្រជាជនសាមញ្ញនៅក្នុងកម្មវិធីទាំងនេះ ហើយជួយសំរួលនិងលើកទឹកចិត្ដ ចំពោះ កិច្ចសហប្រតិបត្ដិការ និងការរួមចំណែករបស់អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្ដរជាតិ ក៏ដូចជាវិស័យ ឯកជនដើម្បីកាត់បន្ថយ ភាពអត់ឃ្លាន ធានាអោយមានសន្ដិសុខស្បៀងបង្កើនផលិតភាព និងទិន្នផលដំណាំ និង ធានាការរីកចំរើននៃសុខមាលភាព និងកំរិតជីវភាពរបស់អ្នកក្រីក្រនៅជនបទ។
  • ស្វែងរកទស្សនៈ និងយោបល់របស់រាជរដ្ឋាភិបាល អំពីបញ្ហាសំខាន់ដែលជះឥទ្ធិពលទៅលើវិស័យអភិវឌ្ឍន៍កសិកម្ម និងជនបទ ។

ប្រវត្តិសង្ខេបរបស់ ក.ក.ជ  | រចនាសម្ព័ន្ធរបស់ ក.ក.ជ