សមាសធាតុនៃ ស.ស.អ

សមាសធាតុនៃ ស.ស.អ

ភាពមានស្បៀង
ភាពមានស្បៀងមានន័យថា ស្បៀងដែលមានតាមរយៈ ផលិតកម្ម ផា្ទល់ខ្លួនឬការទិញមកពីទីផ្សារ។ នៅថ្នាក់ជាតិភាពមានស្បៀង រួមមានៈ ស្ដុកស្បៀងបំរុងក្នុងស្រុកស្បៀងនាំចូលជាលក្ខណៈពាណិជ្ជកម្មជំនួយជាស្បៀង និងផលតិកម្មស្បៀងក្នុងស្រុក ។

 

ភាពទទួលបានស្បៀង
ភាពទទួលបានស្បៀង ត្រូវបានធានានៅពេលដែលគ្រប់គ្រួសារទាំងអស់ និងបុគ្គលគ្រប់រូបដែលជាសមាជិកគ្រួសារនោះមាន ធនធានគ្រប់គ្រាន់ដើម្បីទិញ-ដូរស្បៀងសម្រាប់តម្រូវការរបបអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់។ ភាពទទួលបាន ស្បៀង អាស្រ័យទៅលើកម្រិតធនធានរបស់គ្រួសារ (ដើមទុន កំលាំងពលកម្ម និងចំណេះដឹង) តម្លៃស្បៀង និងបណ្ដាញសុវត្ថិភាពសង្គម។ ដូច្នេះភាពទទួលបានស្បៀងគ្រប់គ្រាន់អាចសម្រេចទៅបានដោយមិនចាំបាច់ផលិតស្បៀង គ្រប់គ្រាន់ដោយខ្លួនឯងនោះទេប៉ុន្ដែ សំខាន់ គឹថាគ្រួសារមានលទ្ធភាពរកប្រាក់ចំណូលបានគ្រប់គ្រាន់សម្រាប់យកមកបំពេញបន្ថែម លើផលិតកម្មស្បៀងផ្ទាល់ខ្លួន សម្រាប់តម្រូវការស្បៀង។


ការស្រូបយកអាហារ
ការបឺតស្រូបស្បៀង មានលក្ខណៈជីវសាស្ដ្រ និងសេដ្ឋកិច្ចសង្គម។ ប្រសិនបើមានស្បៀងគ្រប់គ្រាន់ដែលពោរពេញដោយសារ ជាតិចិញ្ចឹម ហើយគ្រួសារមានលទ្ធភាពទទួលយកបានគ្រួសារនោះត្រូវធ្វើសេចក្ដីសម្រេចចិត្ដថា តើស្បៀងណាត្រូវបរិភោគ ហើយ ត្រូវបែងចែកដល់សមាជិកគ្រួសារយ៉ាងដូចម្ដេច។ ការបឹតស្រូបស្បៀងសមស្រប (អាហារចំរុះ និងសម្បូរមីក្រូសារជាតិ) សម្រាប់ កុមារ និងមាតា គឺមានសារៈសំខាន់ សម្រាប់ស្ថានភាពអាហារូបត្ថម្ភ ។ ការបឺតស្រូបស្បៀងមិនមែនត្រូវការតែរបបអាហារគ្រប់គ្រាន់ ប៉ុណ្ណោះទេ តែត្រូវការបរិស្ថានល្អផងដែររួមមានៈ ទឹកស្អាតអនាម័យល្អ (ដើម្បីជៀសវាងជំងឺ) និងចំណេះដឹងពីការថែទាំសុខភាព ត្រឹមត្រូវ ការរៀបចំអាហារ និងការរក្សាទុកដាក់អាហារ។ លើសពីនេះទៅទៀត សមត្ថភាព ឥរិយាបទ និងការប្រព្រឹត្ដពាក់ព័ន្ធ នឹងការថែទាំ សុខភាពក៏មានសារៈសំខាន់ផងដែរ ។


ស្ថេរភាពស្បៀង
ស្ថេរភាពស្បៀង សំដៅទៅលើការធានាបានគ្រប់ពេលវេលានូវ សមាសធាតុទាំងបីរបស់សន្ដិសុខស្បៀង។ យើងអាចចែកដាច់ ភាពខុសគ្នារវាងអសន្ដិសុខស្បៀងរ៉ាំរ៉ៃ (ជាអចិន្ដ្រៃយ៍) និងអសន្ដិសុខស្បៀងតាមពេល (ដោយសារកង្វះស្បៀងតាមរដូវកាល ឬកង្វះខាត ស្បៀងក្នុងកំឡុង ពេលមានគ្រោះភ័យ) ។ ជម្លោះស៊ីវិល អាចបង្ករឱ្យមានអសន្ដិសុខស្បៀងបណ្ដោះអាសន្ន ប៉ុន្ដែបញ្ហា ជំលោះស៊ីវិលទាំងនេះ អាចបណ្ដាលឱ្យមាន ផលប៉ះពាល់អវិជ្ជមានទៅលើសន្ដិសុខស្បៀងរយៈពេលវែង។

 

ភាពមានស្បៀង / លទ្ធភាព / ទទួលស្បៀង / ការប្រើប្រាស់ និង ការស្រូបអាហារ / ស្ថេរភាព / ក្របខ័ណ្ឌទស្សនៈនៃកង្វះ អាហារូបត្ថម្ភ / វាស់វែងសន្ដិសុខស្បៀង និង អាហារូបត្ថម្ភ / ឧបករណ៍អន្ដរាគមន៍ /