ទិន្នន័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ​ ស.ស.អ

ស្ថានភាពអាហារូបត្ថម្ភនៅកម្ពុជា

 



សន្ដិសុខស្បៀង គឺជាបញ្ហាអន្ដរវិស័យដែលកើតមាននៅក្នុងប្រទេសក្រីក្រ តួយ៉ាងដូចជានៅប្រទេស កម្ពុជាជាដើមអសន្ដិសុខស្បៀង និងភាពក្រីក្រនៅតាមជនបទមានភាពទំនាក់ទំនងគ្នាទៅវិញទៅមក យ៉ាងជិតស្និត។ នៅកម្ពុជាប្រជាជនភាគច្រើនពឹងផ្អែកយ៉ាងលើសលប់ទៅលើសមត្ថភាពរបស់ពួកគេ ក្នុងការផលិតស្បៀងដើម្បីបំពេញនូវតំរូវការផ្ទាល់ខ្លួន ។ ប្រជាជនកម្ពុជាដាំដុះដំណាំរួមទាំងស្បៀង មូលដ្ឋាន (ស្រូវ) ក៏ដូចជាដំណាំផ្សេងៗដែលផ្ដល់ផលប្រចាំឆ្នាំ និងដំណាំផ្ដល់ផលយូរអង្វែងចិញ្ចឹមសត្វ និងស្វែងរកស្បៀងតាមរយៈ ការនេសាទ និងរុករានព្រៃឈើដើម្បីរកអាហារ និងប្រាក់ចំណូល។ ថ្វីត្បិតតែប្រទេសកម្ពុជាផលិត ស្រូវគ្រប់គ្រាន់នៅថ្នាក់ជាតិក៏ដោយ ក៏តុល្យភាព ស្រូវបាន ប្រែប្រួលយ៉ាងសំខាន់ពីតំបន់មួយទៅតំបន់មួយពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងប្រទេស ។ កសិផលភាគច្រើនជាផលិតផលស្រូវដែលមិនសូវមានប្រពលវប្បកម្មចំរុះ នៅក្នុងតំបន់ខ្វះស្បៀងជាច្រើននៃ តំបន់ទំនាបលិចទឹក ។ រីឯផលិតកម្មត្រី (ប្រភពប្រូតេអ៊ីនដ៏សំខាន់) កំពុងធ្លាក់ចុះនិងកំពុងតែស្ថិតនៅក្រោមការគំរាមគំហែងកាន់ តែខ្លាំងឡើង ។ គ្រួសារនៅតាមជនបទជាច្រើនមិនមានដីគ្រប់គ្រាន់សំរាប់បង្កបង្កើនផល ។ ប្រជាជននៅតាមតំបន់ជនបទភាគច្រើន មានការពឹងផ្អែកទៅលើប្រាក់កំរៃបន្ដិចបន្ដួចដែលបានមកពីការលក់កំលាំងពលកម្ម ឬ ការធ្វើការជួញដូរបន្ដិចបន្ដួចដើម្បីទទួលបាន ចំណូលដែលអាចឱ្យគេទិញបានអាហារមួយផ្នែកនៃតំរូវការរបស់ពួកគេ ។ សន្ដិសុខស្បៀងរបស់ប្រជាជនក្រីក្រនៅជនបទជា រឿយៗអាចពឹងផ្អែកជាចំបងទៅលើប្រាក់ចំណូលដែលរកបានមកពីសកម្មភាពទាំងនេះ ។ ការស្វែងរកទីកន្លែងលក់ដំណាំកសិកម្មរ បស់ប្រជាកសិករប្រឈមមុខនឹងផ្លូវថ្នល់ដ៏លំបាក និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារទ្រុឌទ្រោមសមត្ថភាពស្ដុកទុកមានកំរិត និងចំណាយ ដើមទុនច្រើន។ ផលចំណេញបានពីផលិតកម្មស្រូវមានកំរិតទាប ហើយយុទ្ធសាស្ដ្រទីផ្សារជាលក្ខណៈគ្រួសារទទួលបានប្រាក់ ចំណេញតិចតួច។ អំណាចនៃការ ទិញស្បៀងជាទូទៅនៅមានកំរិតក្នុងតំបន់ជនបទដោយភាពក្រីក្រមានអត្រាខ្ពស់ ។ ភាពខ្វះខាត នៃស្រូវ (ចន្លោះពេលខ្វះស្រូវមានរយៈពេល ២ ខែ ឬ លើសពីនេះ) នៅថ្នាក់គ្រួសារជាញឹកញាប់ និងឈានទៅរកជំពាក់បំណុលគេ ដែលជាបុព្វហេតុនាំទៅរកភាពអសន្ដិសុខស្បៀងដ៏រារ៉ៃ។ ការចំណាយលើសុខភាពមានកំរិតខ្ពស់នាំឱ្យរិចរិលដល់ទ្រព្យសម្បត្ដិមូល ដ្ឋាន និងលទ្ធភាពទិញដូររបស់គ្រួសារដែលងាយរងគ្រោះ និងកំពុង អសន្ដិសុខស្បៀង។ ប្រាក់ចំណូល និងស្បៀងអាហារដែល ទទួលបានពីប្រភពធនធានសម្បត្ដិសាធារណៈ (ព្រៃឈើ និងជលផល) គឺពិតជាមានសារសំខាន់យ៉ាងខ្លាំងចំពោះប្រជាជនក្រីក្រ ប៉ុន្ដែសម្បទាននិងការខូចខាតបរិស្ថានរា រាំងនូវលទ្ធភាពទទួលយកបាននូវធនធានទាំងនោះ ។

 

ប្រទេសកម្ពុជាមានអត្រាកង្វះអាហារូបត្ថម្ភមួយចំនួនខ្ពស់ជាងគេនៅទ្វីបអាស៊ី ៤៤%នៃក្មេងមានអាយុក្រោម៥ឆ្នាំមានភាពក្រិន និង​ ១៥%មានភាពស្គមស្គាំង ។ កង្វះមីក្រូសារជាតិដូចជាវិបត្ដិកង្វះជាតិអ៊ីយ៉ូតបញ្ហាកង្វះជីវជាតិអា និងបញ្ហាកង្វះជាតិដែកត្រូវបាន រីករាលដាលនិងរារាំងដល់ការប្រើប្រាស់ឱ្យអស់លទ្ធភាពនៃសក្ដានុពលរបស់មនុស្សដើម្បីការអភិវឌ្ឍន៍ ។ ការប្រើប្រាស់ទឹកស្អាត នៅមានកំរិត ។ ស្ថានភាពសុខភាពទន់ខ្សោយរបស់ប្រជាជន (ជាលទ្ធផលមកពីការទទួលបាននូវសេវាសុខភាពដែលមាន គុណភាព និងការបង្កាជំងឺនៅមានកំរិត) ធ្វើឱ្យអន់ថយដល់ការប្រើប្រាស់ដ៏ប្រសើរនៃស្បៀងអាហារ រីឯរបបអាហារខ្វះគុណភាព និងការផ្ដល់ចំណីអាហារនិងការថែទាំមិនគ្រប់គ្រាន់ធ្វើឱ្យបញ្ហាទាំងនោះកាន់តែធ្ងន់ធ្ងរឡើង ។

 

ច្រើនឆ្នាំកន្លងមកនេះ ទឹកជំនន់ និងគ្រោះរាំងស្ងួតកើតឡើងកាន់តែញឹកញាប់ ប៉ុន្ដែកម្ពុជាមិនមានសមត្ថភាពឆ្លើយតបជាបន្ទាន់ គ្រប់គ្រាន់នៅឡើយ។ ប្រព័ន្ធផលិតកម្មបច្ចុប្បន្នងាយនឹងរងការខូចខាតដោយគ្រោះរាំងស្ងួតដោយសារកង្វះខាតប្រព័ន្ធធារាសាស្ដ្រ និងប្រពលវប្បកម្មចំរុះ។ ការប្រើអស់ទ្រព្យសម្បត្ដិដែលមានផលិតភាពដែលជាលទ្ធផលនៃភាពជាប់បំណុលនាំទៅរកអសន្ដិសុខ ស្បៀងរ៉ាំរ៉ៃ។ តំរូវការស្បៀងនៃ ក្រុមងាយទទួលរងគ្រោះអចិន្ដ្រៃយ (ស្ដ្រីជាមេគ្រួសា ចាស់ជរា ជនពិការអ្នកមានផ្ទុកមេរោគហ៊ីវ, អេដស៍) ពុំបានទទួលដំណោះស្រាយគ្រប់គ្រាន់ ដោយសារការបង្អាក់ដំណើរការស្ថាប័នសង្គមជនបទ និងកង្វះខាតការធានារ៉ាប់រង សង្គម។ ទន្ទឹមនឹងស្ដ្រីកម្ពុជាដើរតួរយ៉ាងសំខាន់នៅគ្រប់ផ្នែកទាំងអស់នៃសន្ដិសុខស្បៀង មិនថានៅក្នុងផលិតកម្មស្បៀង ទីផ្សារ ប្រាក់ចំណូល, ថវិកាប្រចាំគ្រួសារ ឬក៏ជាអ្នកថែរក្សាកូនឡើយ ទាំងនេះគឺវាមានការប៉ះពាល់អវិជ្ជមាននៃបញ្ហាមួយចំនួនដូចជា អត្រា អនក្ខរកម្មខ្ពស់ កង្វះខាតនៃ ការអប់រំ និងចំណេះដឹង សុខភាព និងអាហារូបត្ថម្ភទ្រុឌទ្រោមនៅក្នុងចំណោមស្ដ្រីជាច្រើន (ឧទាហរណ៍ អត្រាមរណៈភាពមាតាមានកំរិតខ្ពស់ និងស្លេកស្លាំងដោយខ្វះជាតិដែកមាន ៦៥% ក្នុងចំណោមស្ដ្រីមានផ្ទៃពោះ )។ ការលុបបំបាត់អសន្ដិសុខស្បៀង និងបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជាព្រមទាំងការសំរេចឱ្យបាននូវគោលដៅទីមួយនៃគោលដៅ​​ អភិវឌ្ឍន៍សហស្សវត្សកម្ពុជាដែលសំដៅកាត់បន្ថយភាពទីទ័លក្រ និងភាពអត់ឃ្លាន កម្ពុជាត្រូវការចាំបាច់នូវដំណោះស្រាយចំរុះ ទូលំទូលាយ និងជាក់លាក់ដោយផ្ដោតទៅលើវិសាលភាពទាំងបីនៃសន្ដិសុខស្បៀង-ភាពមានស្បៀង លទ្ធភាពទទួលស្បៀង និងការប្រើប្រាស់ស្បៀង។ លើសពីនេះទៅទៀត សន្ដិសុខស្បៀង និងភាពងាយរងគ្រោះត្រូវការឱ្យមានការ ដោះស្រាយនៅ ថ្នាក់ជាតិថ្នាក់គ្រួសារ និងបុគ្គលម្នាក់ៗ ។

 

សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ គឺស្ថិតនៅជួរមុខគេនៃការពិភាក្សាក្នុងចំនោមអ្នកធ្វើគោលនយោបាយនៅកម្ពុជាដែលជាអ្នក បញ្ចូលគោលដៅ និងគោលបំណងដែលទាក់ទងទៅនឹងសន្ដិសុខស្បៀង និង អាហារូបត្ថម្ភទៅក្នុងយុទ្ធសាស្ដ្រ និងក្របខ័ណ្ឌ ការងារថ្នាក់ជាតិ ជាអាទិ៍ផែនការណ៍វិនិយោគអាហារូបត្ថម្ភប្រចាំនៅកម្ពុជា២០០៣-២០០៧ (CNIP) គោលដៅអភិវឌ្ឍន៍សហស្ស- វត្សកម្ពុជា (CMDGs) យុទ្ធសាស្ដ្រចតុកោណ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០០៦-២០១០។ ការសំរេចបាននូវ គោលដៅ ៧ ក្នុងចំនោមគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជាទាំង៨ អាស្រ័យទៅនឹងការសំរេចបាននូវសន្ដិសុខស្បៀង និង អាហារូបត្ថម្ភ។ នៅចុងឆ្នាំ២០០៤ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារបច្ចេកទេសស្ដីពីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីជំរុញដល់ការបញ្ជ្រាបនៃសន្ដិសុខស្បៀង និងអាហារូបត្ថម្ភទៅក្នុងគោលនយោបាយ និងយុទ្ធសាស្ដ្រគ្រប់វិស័យ និងដើម្បី គាំទ្រនូវការរួមបញ្ចូលសន្ដិសុខស្បៀង និងអាហារូបត្ថម្ភទៅក្នុងដំណើរការផែនការវិមជ្ឈការ។ តួនាទីរបស់ក្រុមការងារបច្ចេកទេស សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ គឺកិច្ចសំរបសំរួលរវាងរាជរដ្ឋាភិបាល និងអ្នកផ្ដល់ជំនួយ ។

 

ជំហានសំខាន់ៗត្រូវបានអនុវត្ដដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយការគាំទ្រពីបណ្ដាស្ថាប័នអ្នកផ្ដល់ជំនួយទីភ្នាក់ងារអង្គការសហ ប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល និងវិទ្យាស្ថានស្រាវជ្រាវ និងស្ថាប័នដ៏ទៃទៀត ដើម្បីបង្កើនលទ្ធភាពប្រើប្រាស់ដីធ្លី កែប្រែ និងធ្វើ ប្រពលវប្បកម្មចំរុះ បង្កើតនូវឱកាសក្នុងការស្វែងរកប្រាក់ចំណូលដល់គ្រួសារនៅតាមជនបទ កសាងហេដ្ឋារចនាសម្ព័ន្ធឱ្យប្រសើរ ឡើង បង្កើនការវិនិយោគទៅលើអនាម័យទឹកស្អាតអប់រំដល់មាតាស្ដីពីសារប្រយោជន៍នៃការផ្ដល់ចំណីអាហារដែលសមស្រប និង អនុវត្ដការថែទាំដល់កុមារ ពង្រីកកម្មវិធីផ្ដល់មីក្រូសារជាតិបន្ថែម និងកម្មវិធីលាយមីក្រូសារជាតិជាមួយអាហារ​ធ្វើការងារសំដៅ កែទំរង់វិស័យសុខភាពបង្កើតឱ្យមានការធានារ៉ាប់រងសង្គម និងលើកទឹកចិត្ដឱ្យមានការចូលរួមរបស់សហគមន៍ក្នុងដំណើរការធ្វើ ផែនការ និងការសំរេចចិត្ដ ។

 

/ ស្ថានភាពអាហារូបត្ថម្ភនៅកម្ពុជា​ / ស្ថិតិ និងផែនទីសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា /