សិក្ខាសាលាថ្នាក់ជាតិស្តីពីស.ស.អ.២០០៣

សិក្ខាសាលាថ្នាក់ជាតិស្ដីពីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២នៅកម្ពុជារៀបចំឡើង ដោយ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ ហើយនិងកម្មវិធីស្បៀងអាហារពិភពលោក ដែល បានប្រារឰឡើងនៅថ្ងៃ ៣-៤ មិថុនា ២០០៣។ សិក្ខាសាលា មានអ្នកចូលរួមជាង២០០នាក់ មកពី ស្ថាប័នជាច្រើន រួមទាំងនាយករដ្ឋមន្ដ្រី និងមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រី បណ្ដាក្រសួង និង ភ្នាក់ងារ ថ្នាក់ជាតិ និងថ្នាក់ខេត្ដ អភិបាលខេត្ដ​ ភ្នាក់ងារអង្គការសហប្រជាជាតិអង្គការក្រៅរដ្ឋាភិបាលជាតិ-អន្ដរជាតិ ធនាគារអភិវឌ្ឍន៍ និងភ្នាក់ងារអ្នកផ្ដល់ជំនួយ ហើយនិងស្ថាប័នឧត្ដមសិក្សាដែលពាក់ព័ន្ធ។ គោលបំនងនៃសិក្ខាសាលា មានដូចខាងក្រោម ៖

  • ត្រួតពិនិត្យឡើងវិញនូវស្ថានភាពសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជាបច្ចុប្បន្ន ។
  • ត្រួតពិនិត្យឡើងវិញលទ្ធផល អនុសាសន៍ដែលសំរេចបានកន្លងមកក្នុងសារាចរលេខ ០៥ ស្ដីពីសន្ដិសុខស្បៀង និងអាហា រូបត្ថម្ភ នៅកម្ពុជា  ដែលចុះនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ១៩៩៩ ។
  • ពិភាក្សាលើគោលដៅ និងយុទ្ធវិធីសំខាន់ៗដើម្បីពង្រឹងសន្ដិសុខស្បៀង និងកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភក្នុងចំណោម ស្ដ្រី និងកុមារ ។
  • ពិភាក្សាលើការសំរបសំរួល ភាពជាដៃគូ និង ការបែងចែកការងាររបស់ដៃគូទាំងអស់ (រដ្ឋាភិបាល អង្គការអន្ដរជាតិ អង្គការ ក្រៅរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល)
  • អនុម័តសេចក្ដីសំរេចចិត្ដ ផ្ដល់អនុសាសន៍សំរាប់ចាត់វិធានការបន្ថែមដើម្បីដោះស្រាយបញ្ហាសន្ដិសុខស្បៀង និងអាហា រូបត្ថម្ភ នៅកម្ពុជា

 

សេចក្ដីសំរេចចិត្ដរបស់សិក្ខាសាលាថ្នាក់ជាតិបានបង្កើតនូវអនុសាសន៍សំខាន់ ៦ ៖

  • ជំរុញអោយមានអភិបាលកិច្ចល្អដើម្បីលើកកំពស់ផលិតកម្ម និងការចែកចាយស្បៀង ជាពិសេសនៅថ្នាក់ខេត្ដ ស្រុក ឃុំ ដែលមានទិន្នផលស្រូវលើសតំរូវការ ដើម្បីធានានូវការលក់ និងការចែកចាយអោយបានត្រឹមត្រូវ និងទាន់ពេលទៅដល់ បណ្ដារខេត្ដ ស្រុក និងឃុំដែលមានឱនភាពស្រូវ ។
  • ធ្វើការសិក្សាទៀងទាត់ដើម្បីបញ្ជាក់អំពីតំបន់រីងស្ងួត និងបង្កើតយន្ដការសំរាប់ដំណោះស្រាយដ៏សមរម្យ និងមាននិរន្ដភាព ដោយសំដៅជាចំបងទៅលើការផ្ដល់ និងការចែកចាយពូជស្រូវ ការពង្រឹងប្រព័ន្ធធារាសាស្ដ្រ និងការផ្ដល់ម៉ាស៊ីនបូមទឹក ថ្នាំសម្លាប់សត្វ ចង្រៃហើយនិងឧបករណ៍កសិកម្មផ្សេងៗទៀតដល់កសិករ ។
  • អភិវឌ្ឍន៍យន្ដការសំរាប់លើកទឹកចិត្ដអោយដាំដំណាំតាមគ្រួសារ ដាំដំណាំចំរុះ និងចិញ្ចឹមសត្វ រួមទាំងសត្វសំរាប់ធ្វើ កសិកម្ម​ និងលក់ដើម្បីរកចំណូលបន្ថែម ។
  • ប្រើប្រាស់ផែនការវិនិយោគអាហារូបត្ថម្ភ នៅកម្ពុជាអោយមានប្រសិទ្ធភាពដោយសំគាល់នូវ​គំរោងតូចៗ ដើមី្បធ្វើការ ស្វែងរកការគាំទ្រពីសំណាក់ដៃគូរជាតិ និងអន្ដរជាតិ ។
  • លើកស្ទួយប្រព័ន្ធអប់រំ និងជំរុញអោយមានការយល់ដឹងអំពីសារៈសំខាន់នៃសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ នៅតាម ជនបទ ដែលទាក់ទងទៅនឹងជីវភាព និងសុខមាលភាពរបស់ប្រជាជននៅថ្នាក់សហគមន៍តាមរយៈក្រុមប្រឹក្សាឃុំ-សង្កាត់
  • មិនត្រូវផ្ដោតទៅលើតែការស្ដារ និងការសាងសង់ប្រព័ន្ធធារាសាស្ដ្រខ្នាតធំប៉ុណ្ណោះទេ តែត្រូវផ្ដោតទៅលើប្រព័ន្ធធារា សាស្ដ្រខ្នាតតូចគ្រប់ប្រភេទសំរាប់សហគមន៍ និងគ្រួសារដោយសុំការគាំទ្រពី អង្គការជាតិ និងអន្ដរជាតិ ជាពិសេសកម្មវិធី ស្បៀងអាហារពិភពលោក។

អនុសាសន៍ទាំងនេះ និងអនុសាសន៍ផ្សេងៗទៀតនៃសេចក្ដីសំរេចចិត្ដ ក្រោយមកបានទទួលការគាំទ្រពីរដ្ឋាភិបាល ហើយត្រូវបាន ដាក់បញ្ចូលក្នុង សារាចរ លេខ ០៣ ស.រ. ស្ដីពីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៣ដែល បានចែកចាយទូទាំងប្រទេសសំរាប់អនុវត្ដន៍ ។

 

/ សិក្ខាសាលា ១៩៩៩ / សិក្ខាសាលា ២០០៣ /